កាលបរិច្ឆេទ: ១០ មេសា ២០២៣
ក្នុងក្របខណ្ឌកម្មវិធី Food Value Chain ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍធនធានមនុស្ស ASEAN-MAFF Human Resource Development Project និស្សិតប្រមាណ១៣០នាក់មកពីមហាវិទ្យាល័យកសិ-ឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះធ្វើទស្សនកិច្ចនៅរោងចក្រខនហ្វីរេលកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍របស់ព្រឹទ្ធបុរសមហាវិទ្យាល័យ គង់ ថុង ការជ្រើសរើសក្រុមហ៊ុនខនហ្វីរេលសម្រាប់ការចុះទស្សនកិច្ចនេះគឺដោយសារតែក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ផ្នែកកែច្នៃចំណីអាហារដោយមានការធានាសុវត្ថិភាព និងគុណភាពទំនិញរបស់ខ្លួន និងឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ។
ទស្សនកិច្ចនេះជួយឲ្យនិស្សិតទាំងនោះទទួលបានចំណេះដឹងបន្ថែមផ្នែកទ្រឹស្តីនៃបច្ចេកទេសកែច្នៃចំណីអាហារ និងការលើកកម្ពស់ផលិតផលក្នុងស្រុក៕